ភាពស្តុកស្តម្ភនៃការស្តាប់បង្គាប់
មានប្រទេសជាង១០០ ដែលកំពុងលក់ឆ្នោតជាតិ ដល់ប្រជាពលរដ្ឋរបស់ខ្លួន។ កាលពីពេលថ្មីៗនេះ ទឹកប្រាក់សរុបដែលគេប្រមូលបាន ពីការលក់ឆ្នោតជាតិ តែនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា គឺមានជាង៨៥ពាន់លានដុល្លាអាមេរិក ដែលជាផ្នែកដ៏តូចមួយ នៅក្នុងចំណោមការលក់ឆ្នោតជាតិ នៅបណ្តាប្រទេសដទៃទៀត នៅទូទាំងពិភពលោក។ នៅប្រទេសជឿនលឿន ការចង់ឈ្នះរង្វាន់ធំ បានល្បួងមនុស្សជាច្រើន ឲ្យមានផ្នត់គំនិតថា ពួកគេនឹងអាចដោះស្រាយបញ្ហាទាំងពួងក្នុងជីវិត បើសិនជាពួកគេបានត្រូវឆ្នោតជាតិ។
ការមានទ្រព្យសម្បត្តិមិនមែនជាការអាក្រក់ទេ តែទ្រព្យសម្បត្តិមានអំណាចបោកប្រាសយើង ឲ្យគិតថា លុយជាដំណោះស្រាយ សម្រាប់បញ្ហាខ្វះខាតគ្រប់យ៉ាងរបស់យើង។ តែអ្នកនិពន្ធទំនុកដំកើងមានទស្សនៈខុសពីនេះ បានជាគាត់មានប្រសាសន៍ថា “ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាមសេចក្តីបន្ទាល់របស់ទ្រង់ ឲ្យស្មើនឹងសេចក្តីអំណរចំពោះទ្រព្យសម្បត្តិគ្រប់យ៉ាង … ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ”(ទំនុកដំកើង ១១៩:១៤,១៦)។ ត្រង់ចំណុចនេះ អ្នកនិពន្ធទំនុកដំកើងកំពុងនិយាយ អំពីទ្រព្យសម្បត្តិខាងវិញ្ញាណ ដែលផ្តោតទៅលើការស្តាប់បង្គាប់ព្រះ និងដើរ “តាមច្រកនៃសេចក្តីបង្គាប់របស់ទ្រង់”(ខ.៣៥)។
តើការដើរតាមព្រះបន្ទូលព្រះអម្ចាស់ នាំឲ្យយើងមានចិត្តរំភើបរីករាយ ខ្លាំងជាងការត្រូវឆ្នោតរាប់លានដុល្លាឬទេ? សរុបមក យើងអាចពោលតាមអ្នកនិពន្ធទំនុកដំកើងថា “សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្តីបន្ទាល់របស់ទ្រង់ កុំឲ្យល្អៀងទៅខាងសេចក្តីលោភឡើយ សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍ ហើយប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ក្នុងផ្លូវទ្រង់”(ខ.៣៦-៣៧)។
ភាពស្តុកស្តម្ភនៃការស្តាប់បង្គាប់ ជាភាពស្តុកស្តម្ភដ៏ពិត របស់អ្នកដើរជាមួយព្រះអម្ចាស់។-David McCasland
មនុស្សដែលខ្វល់ពីអ្នកដទៃ
ពេលខ្ញុំ និងអ្នកស្រីស៊ីនឌី(Cindy)កំពុងដើរចេញពីពិធីបុណ្យសព គាត់ក៏បានលាន់មាត់ថា “ពិធីបុណ្យសពនេះ ពិតជាធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តខ្លាំងណាស់!” នៅថ្ងៃនោះ អ្នកស្រីហេឡិន(Helen) ដែលជាមិត្តភក្តិរបស់យើង បានលាចាកលោក ទៅនៅជាមួយព្រះ។ ហើយមានមិត្តភក្តិរបស់គាត់ជាច្រើន បានឡើងចែកចាយ ដោយកោតសរសើរអាកប្បកិរិយ៉ារបស់គាត់ ដែលនាំឲ្យគេមានភាពសប្បាយរីករាយ។ ប៉ុន្តែ ជីវិតរបស់អ្នកស្រីហេឡិនមិនតែងតែមានភាពកំប្លុកកំប្លែង និងមានការសើចសប្បាយជានិច្ចឡើយ។ ក្មួយប្រុសរបស់គាត់បានចែកចាយ អំពីក្តីជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ និងការដែលគាត់យកចិត្តទុកដាក់ចំពោះអ្នកដទៃ។ គាត់បានយកក្មួយប្រុសម្នាក់នេះ ទៅចិញ្ចឹម ពេលគេនៅក្មេង និងកំពុងជួបការលំបាក។ ពេលនេះក្មួយប្រុសរបស់គាត់ ដែលមានអាយុជាង២០ឆ្នាំហើយ បាននិយាយថា “គាត់ប្រៀបដូចជាម្តាយរបស់ខ្ញុំ។ គាត់មិនដែលបោះបង់ខ្ញុំចោល ពេលខ្ញុំមានទុក្ខលំបាក។ ខ្ញុំដឹងច្បាស់ថា បើសិនជាគ្មានគាត់ទេ នោះខ្ញុំប្រាកដជាបាត់បង់សេចក្តីជំនឿហើយ”។ ការនេះបានបង្ហាញថា អ្នកស្រីហេឡិនពិតជាបានជះឥទ្ធិពលដ៏ល្អ មកលើក្មួយប្រុសគាត់។ គាត់បានពឹងផ្អែកលើព្រះយេស៊ូវ ហើយចង់ឲ្យក្មួយប្រុសគាត់ ទុកចិត្តទ្រង់ផងដែរ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា ស្តេចដាវីឌបានឲ្យព្រះអង្គម្ចាស់មភីបូសែត ចូលដំណាក់ទ្រង់ ក្នុងគោលបំណងដើម្បីបង្ហាញភាពសប្បុរស ដោយយល់ដល់ព្រះអង្គម្ចាស់យ៉ូណាថាន ដែលជាបិតាទ្រង់(ជាមិត្តសំឡាញ់របស់ស្តេចដាវីឌ ដែលបានស្លាប់ក្នុងសង្រ្គាម មើល២សាំយ៉ូអែល ៩:១)។ កាលពីប៉ុន្មានឆ្នាំមុន ព្រះអង្គម្ចាស់មភីបូសែតបានជួបគ្រោះថ្នាក់ ដោយសារមេដោះរបស់ទ្រង់បានបីទ្រង់ធ្លាក់ ពេលពួកគេរត់ភាសខ្លួន បន្ទាប់ពីបានទទួលដំណឹងថា ព្រះបិតាទ្រង់ត្រូវគេធ្វើគត់(៤:៤)។ ទ្រង់មានព្រះទ័យភ្ញាក់ផ្អើល ពេលស្តេចដាវីឌយកព្រះទ័យទុកដាក់ចំពោះទ្រង់ ដែលកាលនោះ ទ្រង់ថែមទាំងបានប្រដូចខ្លួនឯងទៅនឹង “ឆ្កែស្លាប់”…
ទីបន្ទាល់របស់អ្នក
មានពេលមួយ គេបានឲ្យលោកម៉ៃឃល ឌីនស៍មរ(Michael Dinsmore) ដែលជាអតីតអ្នកទោស ឡើងធ្វើទីបន្ទាល់ ក្នុងមន្ទីរឃុំឃាំងមួយកន្លែង បន្ទាប់ពីគាត់ទើបតែបានទទួលជឿព្រះ។ បន្ទាប់ពីគាត់ចែកចាយចប់ មានអ្នកទោសខ្លះបានមករកគាត់ ហើយប្រាប់គាត់ថា ពួកគេមិនដែលបានចូលរួមកម្មវិធីដែលរំភើបរីករាយ ដូចពេលនេះទេ! លោកម៉ៃឃលមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ព្រះទ្រង់អាចប្រើរឿងនៃជីវិតដ៏សាមញ្ចរបស់គាត់ ដើម្បីធ្វើការក្នុងចិត្តមនុស្សជាច្រើនដូចនេះ។
ក្នុងបទគម្ពីរ ១ធីម៉ូថេ បន្ទាប់ពីសាវ័កប៉ុលបានផ្តាំលោកធីម៉ូថេ ឲ្យនៅបន្តការងារផ្សាយដំណឹងល្អ(១:១-១១) គាត់ក៏បានចែកចាយទីបន្ទាល់របស់គាត់ ដើម្បីលើកទឹកចិត្តយុវជនម្នាក់នេះ(ខ.១២-១៦)។ គាត់បានប្រាប់លោកធីម៉ូថេ អំពីព្រះគុណរបស់ព្រះ ដែលទ្រង់ប្រទាន ក្នុងជីវិតគាត់។ គាត់មានប្រសាសន៍ថា គាត់ធ្លាប់ចម្អកឲ្យព្រះ តែទ្រង់បានកែប្រែជីវិតគាត់។ ព្រះទ្រង់មានក្តីមេត្តាណាស់ បានជាទ្រង់មិនគ្រាន់តែបានចាត់ទុកគាត់ជាអ្នកបម្រើស្មោះត្រង់ ហើយប្រទានកិច្ចការឲ្យគាត់ធ្វើប៉ុណ្ណោះទេ តែថែមទាំងបានចម្រើនកម្លាំង ឲ្យគាត់អាចធ្វើកិច្ចការនោះទៀតផង(ខ.១២)។ សាវ័កប៉ុលបានចាត់ទុកខ្លួនឯង ជាមនុស្សដែលមានបាបខ្លាំងក្រៃ តែព្រះទ្រង់នៅតែសង្រ្គោះគាត់(ខ.១៥)។
ត្រង់ចំណុចនេះ សាវ័កប៉ុលចង់ឲ្យលោកធីម៉ូថេដឹងថា ព្រះទ្រង់អាចធ្វើការអ្វីដែលយើងមិននឹកស្មានដល់ ហើយយើងក៏ចាំបាច់ត្រូវដឹងដូចគាត់ផងដែរ។ ទីបន្ទាល់របស់សាវ័កប៉ុលបានបង្ហាញថា ព្រះទ្រង់មានសេចក្តីមេត្តាករុណាចំពោះគាត់។ បើទ្រង់អាចប្រើមនុស្សដែលធ្លាប់មានប្រវត្តិអាក្រក់ដូចសាវ័កប៉ុល នោះទ្រង់ក៏អាចប្រើយើងផងដែរ។ បើទ្រង់អាចសង្រ្គោះមនុស្សដែលមានបាបធ្ងន់បំផុត នោះគ្មាននរណាដែលទ្រង់មិនអាចសង្រ្គោះនោះឡើយ។
អ្នកដទៃអាចទទួលការលើកទឹកចិត្ត ពីទីបន្ទាល់របស់យើង ដែលនិយាយអំពីកិច្ចការដែលព្រះទ្រង់បានធ្វើក្នុងជីវិតយើង។ ចូរយើងឲ្យអ្នកនៅក្បែរយើងដឹងថា ព្រះនៃព្រះគម្ពីរនៅតែធ្វើការ យ៉ាងសកម្មនៅថ្ងៃនេះ!-Poh Fang Chia
គ្មាននរណាម្នាក់ដែលមិនសំខាន់ចំពោះទ្រង់
មានពេលមួយ មានស្ត្រីជាម្តាយមួយចំនួន ដែលមានកូនតូចៗ កំពុងចែកចាយដល់គ្នាទៅវិញទៅមក អំពីការឆ្លើយតប ដែលព្រះទ្រង់មានចំពោះការអធិស្ឋានរបស់ពួកគេ ដែលការនេះបានលើកទឹកចិត្តយ៉ាងខ្លាំង។ តែមានស្ត្រីម្នាក់បាននិយាយថា គាត់មានអារម្មណ៍ថា គាត់ហាក់ដូចជាមានចិត្តអាត្មានិយម ដោយសារគាត់បានសូមឲ្យព្រះទ្រង់បំពេញសេចក្តីត្រូវការផ្ទាល់ខ្លួនរបស់គាត់ ខណៈពេលដែលមានមនុស្សជាច្រើនទៀត ដែលទ្រង់កំពុងជួយ។ គាត់ពន្យល់ថា បើធៀបបញ្ហាដ៏តូចរបស់គាត់ នឹងបញ្ហាដ៏ធំរបស់ពិភពលោកដែលព្រះទ្រង់កំពុងជួបប្រទះ បញ្ហារបស់គាត់ហាក់ដូចជាមិនសំខាន់ចំពោះទ្រង់ទេ។
មួយសន្ទុះក្រោយមក កូនប្រុសដ៏តូចរបស់គាត់ ស្រាប់តែកៀបដៃនឹងទ្វារ បានជាវារត់ ទាំងស្រែកយំ មករកម្តាយវា។ ពេលនោះ គេប្រហែលស្មានថា គាត់នឹងស្តីបន្ទោសថា “កូនឯងអាត្មានិយមម្ល៉េះ បានជាមករំខានម៉ាក់ ដោយសាររឿងកៀបដៃនឹងទ្វារ។ ដឹងអត់ថា ម៉ាក់កំពុងរវល់អត់?” តែគាត់មិនបាននិយាយដូចនេះទេ ផ្ទុយទៅវិញ គាត់បានបង្ហាញនូវការអាណិត និងចិត្តសុភាពយ៉ាងខ្លាំង។
ដូចនេះ គាត់បានឆ្លើយតប ដោយក្តីស្រឡាញ់ តាមបែបមនុស្ស ក៏ដូចជាតាមគំរូរបស់ព្រះ គឺដូចដែលបទគម្ពីរទំនុកដំកើង ១០៣:១៣ បានរំឭកយើងយ៉ាងច្បាស់។ ក្នុងបទគម្ពីរ អេសាយ ជំពូក៤៩ ព្រះទ្រង់មានបន្ទូលថា ទោះម្តាយអាចភ្លេចបង្ហាញក្តីអាណិតចំពោះកូនខ្លួនក៏ដោយ ក៏ព្រះអម្ចាស់មិនដែលភ្លេចកូនរបស់ទ្រង់ឡើយ(ខ.១៥)។ ព្រះទ្រង់បានធានារាស្ត្រទ្រង់ថា ទ្រង់បានចារឹកពួកគេ ទុកនៅផ្ទៃបាតដៃរបស់ទ្រង់ហើយ”(ខ.១៦)។
អ្នកដែលមានការប្រកបស្និទ្ធស្នាលជាមួយព្រះ ជាអ្នកដែលកោតខ្លាចទ្រង់ ហើយពឹងផ្អែកលើទ្រង់ ជាជាងពឹងផ្អែកលើខ្លួនឯង។ យើងអាចរត់ទៅរកទ្រង់ ពេលជួបបញ្ហាជារៀងរាល់ថ្ងៃ គឺមិនខុសពីកូនតូចដែលកៀបដៃនឹងទ្វារ ដែលបានរត់ទៅរកម្តាយរបស់ខ្លួន…
ការរំឭកដ៏ចាំបាច់
ក្នុងសប្តាហ៍ខ្លះ ខ្ញុំបានទទួលសំបុត្រអេឡិចត្រូនិច ឬអ៊ីមែលជាច្រើន ដែលបានរំឭកខ្ញុំ អំពីការណាត់ជួប ឬព្រឹត្តិការណ៍ដែលជិតមកដល់ ឬសំណូមពរអធិស្ឋានឲ្យនរណាម្នាក់។ ការរំឭកទាំងអស់នេះ សុទ្ធតែមានភាពចាំបាច់ចំពោះខ្ញុំ។
ពេលដែលសាវ័កប៉ុលសរសេរសំបុត្រ ទៅកាន់លោកទីតុស ក្នុងសេចក្តីបញ្ចប់ គាត់បានសរសេរថា “ចូររំឭកគេ…”(៣:១)។ ដោយសារគាត់បានប្រើពាក្យដូចនេះ នោះយើងអាចសន្និដ្ឋានថា គាត់ធ្លាប់បានសរសេរអំពីសេចក្តីនោះ ប្រាប់គេម្តងហើយ។ ប៉ុន្តែ សេចក្តីទាំងនោះ ពិតជាសំខាន់ចំពោះពួកជំនុំខ្លាំងណាស់ បានជាគាត់រំឭកពួកគេឡើងវិញ ដើម្បីកុំឲ្យពួកគេភ្លេច។
ចូរយើងកត់សំគាល់អំពីសេចក្តី ដែលគាត់មិនចង់ឲ្យគេភ្លេចនោះ។ គាត់ចង់រំឭកពួកជំនុំ ដែលកំពុងរស់នៅក្រោមការគៀបសង្កត់របស់ចក្រភពរ៉ូមឲ្យ “ចុះចូលនឹងពួកនាម៉ឺន ហើយនិងពួកមានអំណាចទាំងអស់”(ខ.១)។ យើងចាំបាច់ត្រូវចាំថា យើងត្រូវរស់នៅដោយទីបន្ទាល់ល្អ ដើម្បីឲ្យអ្នកដទៃដឹងថា យើងជាមនុស្សស្តាប់បង្គាប់ព្រះ ធ្វើការអ្វីដែលត្រឹមត្រូវ គឺមិនមែននិយាយបង្ខូចអ្នកដទៃ ហើយយើងជាមនុស្សដែលមានសន្តិភាពក្នុងចិត្ត និងចេះគិតដល់អ្នកដទៃ យើងមានការបន្ទាបខ្លួន គឺមិនមែនជាមនុស្សពូកែរអ៊ូរទាំទេ។ យើងត្រូវរស់នៅដោយអាកប្បកិរិយ៉ា ដែលបង្ហាញឲ្យគេដឹងថា យើងមានការផ្លាស់ប្រែក្នុងជីវិត ដោយសារការដើរតាមព្រគ្រីស្ទ(ខ.៣-៥)។
តើធ្វើដូចម្តេចឲ្យយើងអាចមានលក្ខណៈទាំងអស់នេះបាន? យើងត្រូវពឹងផ្អែកលើ “ព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់បំពេញលើយើងជាបរិបូរ តាមរយៈព្រះយេស៊ូវគ្រីស្ទ” ដែលជួយឲ្យយើងអាច “ខំធ្វើការល្អអស់ពីចិត្ត”(ខ.៥-៦,៨)។ មានតែតាមរយៈអំណោយដ៏អស្ចារ្យនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវទេ ដែលទ្រង់បានបំពាក់សមត្ថភាព ឲ្យយើងអាចជះឥទ្ធិពលដល់លោកិយ ឲ្យគេងាកមករកព្រះ។ និយាយរួម យើងរាល់គ្នាសុទ្ធតែត្រូវការការរំឭកនេះ។-Dave Branon
ព្រះទ្រង់រង់ចាំយើង
ថ្ងៃមួយ ពេលដែលខ្ញុំបើកឡាន ជូនស្វាមីខ្ញុំ ទៅស្ថានីយរថភ្លើង ក្នុងតំបន់របស់យើង ខ្ញុំឃើញអ្នកបើកបររថភ្លើង កំពុងរកមើលអ្នកដែលឡើងរថភ្លើងយឺត។ មានស្រ្តីម្នាក់ដែលមានសក់នៅសើមនៅឡើយ បានប្រញាប់រត់ចេញពីចំណតរថយន្ត ចូលទៅក្នុងរថភ្លើងយ៉ាងលឿន។ បន្ទាប់មក មានបុរសម្នាក់ពាក់ឈុតអាវធំពណ៌ខ្មៅ កំពុងដើរបោះពួយយ៉ាងលឿន ទៅរករថភ្លើង ហើយក៏បានឡើងជិះរថភ្លើងនឹងគេដែរ។ អ្នកបើកបរបានរង់ចាំដោយចិត្តអត់ធ្មត់ ខណៈពេលដែលមានអ្នកដំណើរមួយចំនួនទៀតដែលមកយឺត កំពុងប្រញាប់ប្រញាល់ឡើងជិះរថភ្លើង នៅនាទីចុងក្រោយ។
ពេលដែលខ្ញុំបានឃើញអ្នកបើកបរមានការអត់ធ្មត់ដូចនេះ ខ្ញុំក៏បាននឹកចាំអំពីព្រះ ដែលកំពុងរង់ចាំឲ្យមនុស្សទទួលជឿទ្រង់ឲ្យទាន់ពេលវេលា។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃណាមួយ ព្រះយេស៊ូវទ្រង់នឹងយាងមកវិញ ហើយ“ផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី និងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ”(២ពេត្រុស ៣:១០)។ ពេលដែលថ្ងៃនោះមកដល់ ឬពេលដែលជីវិតខាងសាច់ឈាមបានបញ្ចប់ហើយ អ្នកដែលមិនទាន់បានទទួលជឿព្រះ នឹងមិនមានឱកាសទៀតទេ។
សាវ័កពេត្រុសបានមានប្រសាសន៍ថា ព្រះអម្ចាស់ទ្រង់ “មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ”(ខ.៩)។ បើយើងដឹងថា មានអ្នកដែលមិនទាន់បានដើរតាមព្រះយេស៊ូវទេ នោះចូរយើងនាំដំណឹងល្អ ទៅប្រាប់គេ ក្នុងកាលដែលពួកគេនៅមានឱកាសនៅឡើយ។ គឺដូចមានសេចក្តីចែងថា “បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត”(រ៉ូម ១០:៩)។ ទ្រង់កំពុងត្រាសហៅមនុស្សរាល់គ្នា ឲ្យដើរតាមទ្រង់។ តើអ្នកនឹងទៅប្រាប់គេ ឲ្យទទួលជឿទ្រង់ទេ?-Jennifer Benson Schuldt
កង់ដែលលាន់ង៉េតង៉ត
នៅអាមេរិកមានសុភាសិតដ៏ពេញនិយមមួយពោលថា “កង់ដែលលាន់ង៉េតង៉ត ត្រូវការប្រេងរំអិល”។ កាលនៅក្មេង ខ្ញុំបានជិះកង់របស់ខ្ញុំ ទៅកន្លែងឆ្ងាយៗ ដូចជាទៅសាលារៀនជាដើម ហើយសម្លេងង៉េតង៉តរបស់កង់នោះ បាននាំឲ្យខ្ញុំដឹងថា វាកំពុងតែត្រូវការប្រេងរំអិល។
ក្នុងបទគម្ពីរ លូកា ជំពូក១៨ ស្ត្រីមេម៉ាយបានទទូចសុំឲ្យចៅក្រមរកយុត្តិធម៌ឲ្យនាង ម្តងហើយម្តងទៀត បានជានាងមានលក្ខណៈមិនខុសពីសម្លេង “កង់ដែលលាន់ង៉េតង៉ត” ទាល់តែនាងបានទទួលលទ្ធផលដែលនាងត្រូវការ។ កណ្ឌលូកាបានបកស្រាយថា ព្រះយេស៊ូវបានមានបន្ទូល អំពីរឿងនេះ ដើម្បីបង្រៀនយើងថា យើងត្រូវអធិស្ឋានឥតឈប់ឈរ ហើយមិនត្រូវបោះបង់ការព្យាយាមឡើយ ទោះបីជាយើងយល់ថា ព្រះទ្រង់ហាក់ដូចជាកំពុងតែពន្យាពេលការឆ្លើយតប ចំពោះការអធិស្ឋានយើងក៏ដោយ(ខ.១-៥)។
ជាការពិតណាស់ ព្រះទ្រង់មិនមែនជាចៅក្រម ដែលគ្មានយុត្តិធម៌ ដែលស្តីបន្ទោសយើង មុននឹងឆ្លើយតប ចំពោះយើងនោះឡើយ។ ទ្រង់ជាព្រះវរបិតានៃក្តីស្រឡាញ់របស់យើង ដែលយកព្រះទ័យទុកដាក់ចំពោះយើង ហើយក៏ឮយើង ពេលយើងស្រែករកទ្រង់។ ការអធិស្ឋានជាទៀងទាត់ ឥតឈប់ឈរ នាំឲ្យយើងចូលទៅជិតទ្រង់កាន់តែខ្លាំង។ ការអធិស្ឋានទូលសូមឥតឈប់ឈរ ប្រហែលជាមិនខុសពីសម្លេងកង់ដែលលាន់ង៉េតង៉តដែលទារកប្រេង តែព្រះអម្ចាស់ស្វាគមន៍ការអធិស្ឋានរបស់យើងជានិច្ច ហើយលើកទឹកចិត្តយើង ឲ្យចូលទៅជិតទ្រង់ ដោយទំនួញរបស់យើងផង។ ទ្រង់ស្តាប់ឮយើង ហើយនឹងយាងមកជួយយើង តាមរបៀបដែលយើងប្រហែលជាមិននឹកស្មានដល់។
តាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ ក្នុងបទគម្ពីរ ម៉ាថាយ ៦:៥-៨ ការអធិស្ឋានឥតឈប់ឈរ មិនមែនជាការអធិស្ឋាន ដោយចំណាយពេលវែង និងប្រើ “ពាក្យសម្តីច្រើននោះទេ”។ ផ្ទុយទៅវិញ ពេលដែលយើងទូលអង្វរដល់ព្រះ…
ថ្នាក់រៀនអំពីការឈឺចាប់
លោកស៊ី អេស លូអ៊ីស(C.S.Lewis) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “បញ្ហានៃការឈឺចាប់” ដែលក្នុងនោះ គាត់បានកត់សំគាល់ឃើញថា “ព្រះទ្រង់មានបន្ទូលខ្សិបមកកាន់យើង ពេលយើងសប្បាយចិត្ត មានបន្ទូលមកកាន់យើង ក្នុងសម្បជញ្ញៈរបស់យើង តែទ្រង់មានបន្ទូលស្រែកមកកាន់យើង ពេលយើងមានការឈឺចាប់ គឺប្រៀបបាននឹងការស្រែកដាក់មេក្រូ ដល់លោកិយដែលមានត្រចៀកថ្លង់ ឲ្យភ្ញាក់ខ្លួនឡើង”។ សេចក្តីទុក្ខច្រើនតែនាំឲ្យយើងងាកមកផ្តោតអារម្មណ៍ ទៅលើព្រះឡើងវិញ។ សេចក្តីទុក្ខបង្វែរគំនិតយើង ឲ្យឈប់គិតអំពីស្ថានភាពដែលទើបតែកើតមាន ដើម្បីឲ្យយើងអាចស្តាប់ព្រះមានបន្ទូល អំពីការអ្វីដែលទ្រង់កំពុងធ្វើក្នុងជីវិតយើង។ ពេលនោះ ថ្នាក់រៀនខាងវិញ្ញាណបានចាប់ផ្តើមឡើង ក្នុងជីវិតដែលយើងធ្លាប់តែរស់នៅជាធម្មតា។
ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា អ្នកនិពន្ធទំនុកដំកើងនៅតែបើកចំហរចិត្តទទួលការបង្រៀនពីព្រះ សូម្បីតែក្នុងពេលដែលគាត់កំពុងស្ថិតក្នុងស្ថានភាពដ៏ឈឺចាប់ក៏ដោយ។ គាត់បានទទួលស្គាល់ថា ព្រះទ្រង់បានប្រើទុក្ខលំបាក ដើម្បីឲ្យគាត់ងាកមករកទ្រង់វិញ គឺដូចដែលគាត់បានអធិស្ឋានដោយការបន្ទាបខ្លួនថា “ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខ ដោយសេចក្តីស្មោះត្រង់របស់ទ្រង់ទេ”(ទំនុកដំកើង ១១៩:៧៥)។ ហោរាអេសាយយល់ថា ព្រះទ្រង់ប្រើទុក្ខលំបាក ដើម្បីបន្សុទ្ធយើង បានជាគាត់មានប្រសាសន៍ថា ព្រះទ្រង់បានសំរងគាត់ តែមិនមែនដូចជាសំរងប្រាក់ទេ គឺទ្រង់បានរើសគាត់នៅឡនៃសេចក្តីវេទនាវិញ(អេសាយ ៤៨:១០)។ ហើយចំណែកឯលោកយ៉ូបវិញ ពេលគាត់កំពុងមានទុក្ខវេទនា គាត់បានរៀនសូត្រអំពីអំណាចគ្រប់គ្រង និងភាពធំឧត្តម្ភរបស់ព្រះ តាមរយៈទុក្ខលំបាករបស់គាត់(យ៉ូប ៤០-៤២)។
ពេលយើងកំពុងជួបការឈឺចាប់ យើងមិននៅម្នាក់ឯងទេ។ ព្រះទ្រង់បានយកកំណើតជាមនុស្ស ហើយបានរងទុក្ខវេទនាក្រៃលែង គឺដូចមានសេចក្តីចែងថា “ទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្តីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់…
អំណរដ៏ពោរពេញ
ពេលដែលខ្ញុំកំពុងរង់ចាំ នៅមុខច្រកទ្វារឡើងជិះយន្តហោះ នៅអាកាសយាន្តដ្ឋានចាងហ្គ៊ី ប្រទេសសឹង្ហបូរី ខ្ញុំបានកត់សំគាល់ឃើញគ្រួសារមួយ ដែលមានឪពុកម្តាយ និងកូនប្រុសម្នាក់។ នៅទីនោះ មានមនុស្សកកកុញ បានជាពួកគេពិបាកស្វែងរកកន្លែងអង្គុយ។ ភ្លាមៗនោះ ក្មេងតូចម្នាក់នោះ ក៏បានចាប់ផ្តើមស្រែកច្រៀងឮៗថា “អំណរដល់លោក”។ ក្មេងនោះមានអាយុប្រហែល៦ឆ្នាំទេ តែវាអាចចាំពាក្យទាំងអស់ ក្នុងបទចម្រៀងនោះ គឺពិតជាគួរឲ្យសរសើរមែន។
ការអ្វីដែលកាន់តែធ្វើឲ្យខ្ញុំចាប់អារម្មណ៍ថែមទៀតនោះ គឺទឹកមុខរបស់ក្មេងប្រុសម្នាក់នោះ ដែលកំពុងតែញញឹម ត្រូវនឹងបទចម្រៀងដែលវាកំពុងច្រៀង ខណៈពេលដែលវាកំពុងប្រកាសដល់មនុស្សគ្រប់គ្នា នៅទីច្រកទ្វារនោះ អំពីក្តីអំណរ ដែលលោកិយទទួលបាន ពីព្រះគ្រីស្ទដែលបានយាងមកប្រសូត្រជាមនុស្ស។
ក្តីអំណរនេះមិនមែនសម្រាប់តែក្មេងៗដែលកំពុងតែសប្បាយរីករាយ ហើយក៏មិនមែនសម្រាប់តែរដូវកាលនៃបុណ្យណូអែលដែរ។ ក្តីអំណរដ៏ហូរហៀរ ដែលទទួលបានពីការទទួលព្រះវត្តមានព្រះគ្រីស្ទក្នុងជីវិតយើង ស្ថិតក្នុងចំណោមខ្លឹមសារសំខាន់ៗ នៃសេចក្តីបង្រៀនចុងក្រោយ ដែលព្រះយេស៊ូវបានប្រទានដល់ពួកសិស្ស នៅពេលយប់មុនពេលគេធ្វើគុតទ្រង់ នៅលើឈើឆ្កាង។ ទ្រង់បានប្រាប់ពួកគេអំពីសេចក្តីស្រឡាញ់ដ៏លើសលប់ ដែលទ្រង់មានចំពោះពួកគេ ដូចដែលព្រះវរបិតាស្រឡាញ់ទ្រង់(យ៉ូហាន ១៥:៩)។ បន្ទាប់ពីព្រះយេស៊ូវបានចែកចាយ អំពីអត្ថន័យនៃទំនាក់ទំនងដ៏អស់កល្បជានិច្ចនេះ ទ្រង់ក៏បានមានបន្ទូលថា “ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង”(ខ.១១)។
នេះជាព្រះបន្ទូលសន្យាដ៏អស្ចារ្យណាស់! ព្រោះចិត្តយើងអាចពេញដោយអំណរ គឺអំណរដ៏ពិត តាមរយៈព្រះយេស៊ូវគ្រីស្ទ!-Bill Crowder
អាពាហ៍ពិពាហ៍ដ៏ល្អបំផុត
ប្រហែលជាជាង៨០០ឆ្នាំមុន គេបានបន្ថែមប្រពៃណីថ្មីមួយ នៅក្នុងពិធីមង្គលការរបស់ជនជាតិយូដា។ ប្រពៃណីនោះ បានតម្រូវឲ្យកូនកំលោះជាន់បំបែកកែវស្រាទំពាំងបាយជូរ នៅចុងបញ្ចប់នៃពិធីមង្គលការ។ ត្រង់ចំណុចនេះ គេបានបកស្រាយថា ការបំបែកកែវស្រាដូចនេះ ជានិមិត្តរូប តំណាងឲ្យការបំផ្លាញព្រះវិហារក្រុងយេរូសាឡិម ដោយចក្រភពរ៉ូម៉ាំង ក្នុងឆ្នាំ៧០នៃគ្រីស្ទសករាជ។ ពេលដែលប្តីប្រពន្ធថ្មោងថ្មី ចាប់ផ្តើមកសាងគ្រួសារ ក្រោមដំបូលផ្ទះតែមួយ គេបានលើកទឹកចិត្តអ្នកទាំងពីរ ឲ្យនឹកចាំថា ដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិមត្រូវបានគេបំផ្លិចបំផ្លាញ កាលពីសម័យនោះ។
ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មិនដែលគ្មានផ្ទះ សម្រាប់គង់នៅឡើយ។ ទ្រង់គ្រាន់តែបានជ្រើសរើសកន្លែងថ្មីមួយ សម្រាប់គង់នៅ គឺគង់នៅក្នុងចិត្តយើងម្នាក់ៗ ដែលជាអ្នកដើរតាមទ្រង់។ ព្រះគម្ពីរបានប្រៀបប្រដូចអ្នកជឿព្រះ ទៅនឹងកូនក្រមុំរបស់ព្រះគ្រីស្ទ និងព្រះវិហារដែលព្រះគង់នៅ។ ព្រះទ្រង់បានប្រមូលរាស្រ្តរបស់ទ្រង់ ឲ្យមូលមកតែមួយ ដើម្បីសង់ផ្ទះថ្មីមួយ ធ្វើជាដំណាក់របស់ទ្រង់ជារៀងរហូត។ ទន្ទឹមនឹងនោះ ក៏ទ្រង់កំពុងតែរៀបចំកូនក្រមុំរបស់ទ្រង់ ហើយរៀបផែនការសម្រាប់អាពាហ៍ពិពាហ៍មួយ ដែលនឹងរាប់បញ្ចូលសមាជិកនៃគ្រួសារព្រះទាំងអស់ ចាប់តាំងដើមកំណើតផែនដី។
យើងមានចំណែកដែលត្រូវបំពេញក្នុងនោះ ដែលកិច្ចការនោះមានភាពងាយស្រួលទេ ទោះបីជាជួនកាល មានការឈឺចាប់ក៏ដោយ។ យើងត្រូវសហការជាមួយព្រះ ខណៈពេលដែលទ្រង់កំពុងធ្វើការក្នុងជីវិតយើង ដើម្បីឲ្យយើងផ្លាស់ប្រែ កាន់តែដូចព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាទ្រង់។ បន្ទាប់មក នៅថ្ងៃមួយ ព្រះអម្ចាស់នៃយើង នឹងថ្វាយយើងដែលជាពួកជំនុំដល់ព្រះ ដោយគ្មានប្រឡាក់ ឥតជ្រួញ។ យើងបានបរិសុទ្ធ ឥតមានកន្លែងបន្ទោសបាន(អេភេសូរ ៥:២៧)។ មង្គលការនៃព្រះអម្ចាស់ នឹងនាំមកនូវការបញ្ចប់នៃទុក្ខព្រួយ…